ការបាត់ និងការរកឃើញ
ថ្មីៗនេះ ខ្ញុំបានបាត់កាតក្រេឌីត ហើយរកវាមិនឃើញ សោះ។ ខ្ញុំក៏ចាប់ផ្តើមខំខ្នះខ្នែងរកវា ព្រោះការបាត់កាតក្រេឌីតមិនមែនជាបញ្ហាតូចឡើយ។ ការបង់ប្រាក់ និងការទិញទំនិញជាប្រចាំថ្ងៃត្រូវអាក់ខាន បើខ្ញុំមិនទាន់អាចរកបានកាតក្រេឌីតថ្មីទេនោះ។ ជាងនេះទៅទៀត បើមាននរណាម្នាក់រើសបានកាតនោះ ហើយប្រើវា ដើម្បីចាយវាយតាមអំពើចិត្ត ខ្ញុំនឹងត្រូវបាត់បង់ប្រាក់ ក្នុងកុងធនាគារបស់ខ្ញុំជាមិនខាន។ តែខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំង ពេលភរិយារបស់ខ្ញុំបានរកឃើញវា នៅក្រោមតុកំព្យូទ័រ។
ក្នុងបទគម្ពីរ ១៥:៨-១០ ព្រះគ្រីស្ទបានមានបន្ទូលអំពីរឿងបាត់ប្រាក់ដួងដ៏មានតម្លៃមួយ ដែលស្មើនឹងប្រាក់ឈ្នួលមួយថ្ងៃ។ ស្រ្តីដែលបានបាត់ប្រាក់ដួងនោះ មានការបារម្ភយ៉ាងខ្លាំង នៅក្នុងការស្វែងរកវា បានជានាងអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាស់តែបានឃើញ។ កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នាងថា “សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ”(ខ.៩)។ បន្ទាប់មក ព្រះយេស៊ូវបានពន្យល់ អំពីអត្ថន័យរបស់រឿងនេះថា “ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ(ខ.១០)។”
មនុស្សមានតម្លៃដ៏មហិមាចំពោះព្រះ។ អ្នកដែលមិនស្គាល់ទ្រង់ គឺជាមនុស្សបាត់បង់ ក្នុងអំពើបាបរបស់ខ្លួន។ ព្រះយេស៊ូវទ្រង់បានបង់ថ្លៃម្តងជាសម្រេច ដើម្បីលោះបាបពួកគេ ដោយសុគតនៅលើឈើឆ្កាង។ តើអ្នកដឹងថា មាននរណាខ្លះ ជាមនុស្សបាត់បង់? ចូរទូលសូមព្រះអម្ចាស់ ឲ្យប្រទានឱកាសផ្សាយដំណឹងល្អ ដល់អ្នកទាំងនោះ ដើម្បីឲ្យពួកគេអាចប្រែចិត្តចេញពីអំពើបាប ហើយឲ្យព្រះដ៏មានគុណនៃយើង រកពួកគេឃើញ។-Dennis Fisher
តែមួយដងទេ
កាលនៅពីក្មេង ខ្ញុំធ្លាប់ជិះរទេះសម្រាប់កូនក្មេងបរលេង ដែលបញ្ជា ដោយប្រើខ្សែពួរមួយខ្សែ។ មានពេលមួយពេលខ្ញុំកំពុងធាក់ឈ្នាន់ដើម្បីបររទេះនោះតាមផ្លូវថ្នល់ ខ្ញុំក៏នឹកឃើញពាក្យដែលឪពុកម្តាយខ្ញុំធ្លាប់ដាស់តឿនថា “ចូរងាកមើលឆ្វេងស្តាំជានិច្ច មុននឹងឆ្លងផ្លូវ ក្រែងលោមានឡានបើកមក”។ តែពេលនោះ ខ្ញុំបានលើកហេតុផលថា បើគ្រាន់តែមិនបានធ្វើតាមពាក្យរបស់ពួកគាត់ តែមួយដងទេ នោះមិនអីទេ។ បន្ទាប់មក ខ្ញុំក៏ឮសម្លេងឡានចាប់ហ្វ្រាំងអូសកង់ពីចម្ងាយ ដើម្បីកុំឲ្យបុកត្រូវខ្ញុំ។ ដូចនេះ ខ្ញុំស្ទើរតែអស់ជីវិត ដោយសារការគិតថា ខ្លួនអាចបំពានបទបញ្ជារបស់ឪពុកម្តាយបាន។
ព្រះគម្ពីរមានឧទាហរណ៍ជាច្រើន ដែលនិយាយអំពីអ្នកដែលមានការយល់ដឹងច្រើនជាងអ្នកដទៃ តែពួកគេបានសម្រេចចិត្តប្រព្រឹត្តខុសនឹងក្រឹត្យវិន័យព្រះ។ ស្តេចដាវីឌ បានជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះ តាំងពីពេលទ្រង់នៅក្មេង គឺដូចជានៅពេលទ្រង់កំពុងមើលថែហ្វូងចៀមជាដើម។ ពេលដាវីឌក្លាយជាស្តេច ទ្រង់បានជ្រាបថា ក្រឹត្យវិន័យទីប្រាំពីរបានថ្កោលទោសការប្រព្រឹត្តសាហាយស្មន់ តែពេលទ្រង់ទតឃើញស្រីស្អាតកំពុងងួតទឹក ទ្រង់ក៏បានប្រើអំណាចជាស្តេច ដើម្បីដណ្តើមប្រពន្ធពីលោកអ៊ូរី។ អំពើ បាបនេះ បាននាំឲ្យទ្រង់ទទួលនូវលទ្ធផលអាក្រក់ជាច្រើន(២សាំយ៉ូអែល ១១-១២)។
អ្នកនិពន្ធទំនុកតម្កើងបានចែងថា “សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ”(ទំនុកតម្កើង ១៩:១៣)។ តើអ្នកធ្លាប់ត្រូវបានល្បួងឲ្យធ្វើការអ្វីមួយ “តែមួយដង” ទោះបីជាអ្នកបានដឹងថា វាជាការប្រព្រឹត្តខុសឬ? ដូចជាការបើកមើលរូបអាសអាភាសនៅលើអ៊ីនធើណិត ឬ“ការខ្ចីលុយ”ពីគណនី នៅកន្លែងធ្វើការ ឬក៏ការនិយាយបំភ្លើសការពិត ដែលហាក់ដូចជាជារឿងដែលមិនពាក់ព័ន្ធ តែអាចនាំឲ្យមានលទ្ធផលអាក្រក់បាន។ ចូរអនុញ្ញាតឲ្យព្រះជួយដឹកនាំអ្នក ឲ្យងាកបែចេញពីអំពើបាប ហើយគេចចេញតាមផ្លូវរបស់ទ្រង់(១កូរិនថូស ១០:១៣)។-Dennis Fisher
បល្ល័ង្ករបស់ព្រះ មានកង់
ជីន ឌ្រីសកូល(Jean Driscoll) គឺជាអត្តពលិកដ៏ឆ្នើមម្នាក់។ នាងបានទទូលជ័យជម្នះប្រាំបីលើក នៅក្នុងការរត់ប្រណាំម៉ារ៉ាតុននៃក្រុងបូស្តុន។ នាងក៏បានចូលរួមប្រកួតបួនលើក ក្នុងកីឡាប៉ារ៉ាអូឡាំពិចសម្រាប់ជនពិការ ហើយឈ្នះបានមេដាយមាស៥។ ដោយសារនាងមានជម្ងឺឆ្អឹងខ្នងពីកំណើត នាងក៏បានប្រកួត ដោយអង្គុយនៅលើរទេះរុញ។
បទគម្ពីដានីយ៉ែល ៧:៩ ស្ថិតក្នុងចំណោមបទគម្ពីរ ដែលនាងចូលចិត្តបំផុត ដែលបានចែងថា “ព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់នៅ ... បល្ល័ង្កទ្រង់ នោះសុទ្ឋតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះក៏ជាភ្លើងឆេះដែរ”។ ពេលនាងបានដឹងថា ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មានទំនាក់ទំនងជាមួយនឹងស្ថានភាពរបស់នាងផ្ទាល់ នាងមានការលើកទឹកចិត្តយ៉ាងខ្លាំង បានជានាងអាចលើកទឹកចិត្តដល់អ្នកដទៃ ជាបន្តទៀត។ នាងបាននិយាយថា “ពេលណា ខ្ញុំមានឱកាសជជែកជាមួយមនុស្សដែលអង្គុយលើរទេះរុញ ដែលធុញថប់នឹងជីវិតនៅលើរទេះរុញ ខ្ញុំបានប្រាប់ពួកគេថា ‘ព្រះបានបង្កើតអ្នកមក ឲ្យមានរូបភាពដូចទ្រង់ តែរទេះរុញរបស់អ្នក ត្រូវបានបង្កើតមកឲ្យមានរូបដូចបល្ល័ង្គទ្រង់ផងដែរ!”
ជាការពិតណាស់ ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មិនបានបង្ហាញថា ព្រះអម្ចាស់មានភាពពិការឡើយ។ តាមការពិត អ្នកខ្លះយល់ថា “បល្ល័ងដែលមានកង់” របស់ព្រះ គឺជានិមិត្តរូប តំណាងឲ្យព្រះដែលមានយុត្តិធម៌ដែលជួយមនុស្សជាតិ ដោយអំណាចគ្រប់គ្រង។ ហើយបទគម្ពីរខ្លះទៀត បាននិយាយអំពីការដែលព្រះប្រទានជំនួយ ដល់អ្នកដែលជឿទ្រង់(សុភាសិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ ១:១១)។
សេចក្តីជំនឿដែលជីន ឌ្រីសកូលមានចំពោះព្រះ បានជួយឲ្យនាងឈ្នះលើខ្លួនឯង។ យើងក៏អាចមានទំនុកចិត្តថា…
ការហ៊ានប្រថុយគ្រោះថ្នាក់
លោកហល នីដហាម(Hal Needham)ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អ្នកដើរតួរជំនួស ក្នុងឈុតគ្រោះថ្នាក់! ជីវិតអ្នកសម្តែងហូលីវូត ក្នុងឈុតឡានបុកគ្នា ឈុតលោតពីលើយន្តហោះ ឈុតបាក់ឆ្អឹង ឈុតចម្អកឲ្យសេចក្តីស្លាប់ ។ លោកនីដហាមបាននិយាយឆ្លុះបញ្ចាំងអំពីការហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយពិពណ៌នាអំពីឈុតដែលគាត់ធ្លាប់សម្តែង ដូចជាឈុតវាយតប់គ្នានឹងកណ្តាប់ដៃធ្ងន់ៗ ឈុតប្រណាំងឡានក្នុងល្បឿនលឿន ឈុតដើរលើស្លាបយន្តហោះដែលកំពុងហោះហើរ ឈុតធ្លាក់ពីលើខ្នងសេះ ព្រមទាំងឈុតដុតខ្លួនឱ្យឆេះផងដែរ! គាត់បានប្រថុយជីវិត ក្នុងខ្សែភាពយន្ត ដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជន និងដើម្បីក្លាយជាកំពូលអ្នកសម្តែងជំនួសក្នុងឈុតគ្រោះថ្នាក់ ក្នុងខ្សែភាពយន្តហូលីវូដ។
យ៉ាងណាមិញ សាវ័កប៉ុល និងលោកបាណាបាសក៏ “ជាមនុស្សដែលបានប្រថុយជីវិត”ដែរ(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួកគេមានបំណងផ្សេងពីលោកនីដហាម។ គោលដៅ របស់ពួកគេ គឺដើម្បីលើកតម្កើងព្រះនាមព្រះគ្រីស្ទ តាមរយៈការផ្សាយដំណឹងល្អ។ ក្នុងនាមជាបេសកជន ក្នុងចក្រភពរ៉ូម លោកប៉ុល បានប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជា ការលិចសំពៅ ការត្រូវគេវាយដំ ការបៀតបៀន និងការជាប់គុក ហើយនៅមានទុក្ខលំបាកជាច្រើនទៀត(២កូរិនថូស ១១:២២-៣០)។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែសុខចិត្តប្រថុយជីវិត ដើម្បីធ្វើឲ្យគេស្គាល់ព្រះនាមព្រះគ្រីស្ទប៉ុណ្ណោះឡើយ។
មានគ្រីស្ទបរិស័ទជាច្រើនបានប្រថុយគ្រោះថ្នាក់ ដើម្បីចែកចាយដំណឹងល្អ។ ប៉ុន្តែ អ្នកខ្លះទៀតបែរជានៅស្ងាត់ស្ងៀមទៅវិញ ដោយសារខ្លាចគេបដិសេធ។ តើអ្នកធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះឱកាសចែកចាយដំណឹងល្អដែរឬទេ? ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីចម្រើនកម្លាំងដល់យើងរាល់គ្នា(កិច្ចការ ១:៨) ហើយបានប្រទានព្រះបន្ទូលទ្រង់ ឲ្យយើងយល់ច្បាស់ (រ៉ូម ១:១៦)។ ចូរទូលសូមឲ្យព្រះប្រទានចិត្តក្លាហាន…
ស្ត្រីដែលមានឥទ្ធិពល
ក្នុងអំឡុងឆ្នាំដំបូង នៃចលនាកែទម្រង់ប្រូតេស្តង់ នៅក្នុងទ្វីបអឺរ៉ុប អ្នកស្រី ខាថារីណា វន់ បូរ៉ា(Katharina Von Bora) ដែលជាអតីតដូនជីកាតូលិក បានរៀបការជា មួយលោក ម៉ាទីន លូធ័រ(Martin Luther) ក្នុងឆ្នាំ ១៥២៥។ ជាការពិតណាស់ អ្នកទាំងពីរបានរស់នៅ ក្នុង ជីវិតជាប្តីប្រពន្ធ យ៉ាងមានអំណរ។ លោកលូធ័របានមានប្រសាសន៍ថា “គ្មានចំណងណាមួយក្នុងលោកិយនេះ ដែលផ្អែមល្ហែមខ្លាំង ហើយគ្មានការបែកបាក់ណាល្វីញជូរចត់ខ្លាំង ដូចចំណង និងការបែបបាក់ ដែលកើតមានក្នុងទំនាក់ទំនងប្តីប្រពន្ធដ៏ល្អឡើយ។”
ដោយសារអ្នកស្រីខាថារីណា តែងក្រោកពីដំណេក នៅម៉ោង៤ទៀបភ្លឺ ដើម្បីបំពេញតួនាទីរបស់ខ្លួន នោះលោកលូធ័រក៏ប្រដូចនាងទៅនឹង “ផ្កាយព្រឹកនៃក្រុងវីតធិនបឺក(Wittenberg)។” នាងមានភាពប៉ិនប្រសប់ខាងមើលថែរសួនបន្លែ និងចំការ។ នាងបានគ្រប់គ្រងលើមុខជំនួញរបស់គ្រួសារ និងរៀបចំផ្ទះសំបែង ទុកដាក់ទ្រព្យសម្បត្តិរបស់គ្រួសារលូធ័រ។ កាលនោះ គូស្វាមីភរិយានេះ មានកូនប្រាំមួយនាក់ ហើយអ្នកស្រីខាថារីណាយល់ថា ផ្ទះគឺជាសាលាបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់កូនទាំងនោះ។ ភាពស្វាហាប់ និងឧស្សាហ៍ព្យាយាមរបស់នាង ព្រមទាំងការចេះមើលថែក្រុមគ្រួសារ បានធ្វើឲ្យនាងក្លាយជាស្ត្រីដែលមានឥទ្ធិពល។
អ្នកស្រីខាថារីណាហាក់ដូចជាស្ត្រីម្នាក់ ដែលបានពិពណ៌នានៅក្នុងសុភាសិតជំពូក៣១។ ជាការពិតណាស់ នាងជាប្រពន្ធគ្រប់ល័ក្ខណ ដែលបានក្រោកពីដំណេក “តាំងពីពេលមេឃនៅងងឹត”នៅឡើយ ហើយចាត់ចែង“អាហារឱ្យពួកផ្ទះ”(ខ.១៥)។ នាងថែមទាំងមើល “អស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយ”(ខ.២៧)។
ពេលយើងសិក្សាអំពីលក្ខណៈសម្បត្តិគំរូរបស់អ្នកស្រីខាថារីណា…
បងប្អូនត្រកូលរ៉ាយ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩០៩ មានយុវជនវ័យក្មេងម្នាក់ បានបើកបរយន្តហោះដ៏ចម្លែកមួយគ្រឿង ដែលមានសណ្ឋានដូចខ្លែង ដែលមានរាងដូចប្រអប់ទ្រវែងដ៏ធំមួយ។ ពេលវាហោះឡើងខ្ពស់បានបន្តិច អាកាសយាន្តនិកម្នាក់នេះ ក៏បានបញ្ជាចង្កូត ដើម្បីឲ្យខ្លួនអាចបើកវារំលងពីលើកំពង់ផែក្រុងញូយ៉ក។ មនុស្សម្នាក៏បាននាំគ្នាសម្លឹងមើលទៅលើ ដោយការភ្ញាក់ផ្អើល។ នៅក្នុងកំពង់ផែនោះ នាវាទាំងឡាយបានបន្លឺសម្លេងស៊ីផ្លេរបស់ខ្លួន ដើម្បីអបអរសាទរ។ ហ្វូងមនុស្សដែលនៅក្បែររូបចម្លាក់សេរីភាពក៏បាននាំគ្នាស្រែកហូរ ពេលបានឃើញលោកវីលប័រ រ៉ាយ(Wilbur Wright) កំពុងហោះហើរនៅលើមេឃ។
លោកអរវីល(Orville) ជាបងប្អូនរបស់លោកវីលប័រ ដែលបានបើកបរយន្តហោះដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត មុនលោកវីលប័រប្រាំមួយឆ្នាំ។ គាត់បានបកស្រាយអំពីកត្តាដែលជំរុញចិត្តពួកគេឲ្យចង់ហោះហើរថា “ការមានបំណងចិត្តចង់ហោះហើរ គឺជាគំនិតដែលបន្សល់ទុកពីបុព្វបុរសរបស់យើង ដែលមានចិត្តច្រណែន សត្វបក្សីដែលចេះហោះហើរចុះឡើងៗ ដោយសេរី នៅក្នុងអាកាស យ៉ាងលឿន ដោយគ្មានអ្វីរារាំង តាមមហាវិថីខ្យល់ដែលគ្មានដែនកំណត់”។ បងប្អូនត្រកូលរ៉ាយទាំងពីរនាក់នេះ បានចំណាយពេលជាច្រើន នៅក្នុងការសិក្សាអំពីការហោះហើររបស់សត្វបក្សី មុនពេលរចនាយន្តហោះរបស់ខ្លួន ឲ្យចេញជារូបជារាង្គឡើង។ ក្នុងកណ្ឌលោកុប្បត្តិ មានសេចក្តីដែលចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”(១:១) ហើយទ្រង់មានបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”(ខ.២០)។ យើងអបអរសាទរចំពោះការច្នៃបង្កើតរបស់បងប្អូនត្រកូលរ៉ាយ។ ប៉ុន្តែ ព្រះអទិករដែលបានបង្កើតសត្វបក្សី ដែលចេះហោះហើរតាំងពីដើមមក ទ្រង់សមនឹងទទួលការសរសើរតម្កើងដ៏ខ្ពស់បំផុត សម្រាប់ការបង្កើតបក្សី និងស្នាព្រះហស្ថដទៃទៀត!-Dennis Fisher
សេចក្តីសម្អប់ ដែលបំផ្លាញខ្លួនឯង
លោកចច វ៉ាស៊ីនតោន ខាវ័រ (George Washington Carver ឆ្នាំ១៨៦៤-១៩៤៣) បានយកឈ្នះការប្រកាន់ពូជសាសន៍ដ៏ធ្ងន់ធ្ងរ ដោយកសាងខ្លួន ឲ្យក្លាយជាអ្នកជំនាញផ្នែកអប់រំ ដ៏ល្បីល្បាញ នៅសហរដ្ឋ អាមេរិក។ ដើម្បីជៀសវាងការឆ្លើយតបទៅគេវិញ ដោយ ភាពល្វីងជូរចត់ លោកខាវ័របានសរសេរពាក្យប្រកបដោយប្រាជ្ញាថា “សេចក្តីសម្អប់នៅក្នុងចិត្តបុគ្គលណា នឹងបំផ្លាញបុគ្គលនោះឯង"។
ក្នុងកណ្ឌគម្ពីរនាងអេសធើរ យើងអាចដឹងថា តើអ្នកដែលមានសេចក្តីសម្អប់ បាននាំឲ្យមានភាពហិនវិនាសខ្លាំងប៉ុណ្ណា ចំពោះខ្លួនឯង។ លោកម៉ាដេកាយ ជាជនជាតិយូដា ដែលមិនព្រមឱនក្បាលគោរពលោកហាម៉ាន ដែលជាមន្ត្រីជាន់ខ្ពស់ ដែលលើកតម្កើងខ្លួនក្នុងព្រះរាជវាំងនៃចក្រភពពើស៊ី។ ការនេះក៏បានធ្វើឲ្យហាម៉ានខឹងសម្បា ហើយក៏បានបំភាន់ការពិត ដើម្បីឲ្យគេយល់ថា លោកម៉ាដេកាយ និងសាសន៍របស់លោក ជាការគំរាមកំហែងដល់ចក្រភពពើរស៊ី(៣:៨-៩)។ ពេលផែនការណ៍នេះបានសម្រេច លោកហាម៉ានក៏បានទូលសូមស្តេចពើស៊ី ឲ្យកាត់ទោសប្រហារជីវិតជនជាតិយូដាទាំងអស់។ ព្រះរាជាក៏បានប្រកាសរាជក្រឹត្យដើម្បីសម្រេចការនោះ ប៉ុន្តែ មុនគេអនុវត្តច្បាប់នោះជាផ្លូវការណ៍ ព្រះនាងអេសធើរក៏បានធ្វើអន្តរាគមន៍ ហើយផែនការណ៍អាក្រក់របស់ហាម៉ាន ក៏ត្រូវលាតត្រដាងឡើង(៧:១-៦)។ ព្រះរាជាក្រោធយ៉ាងខ្លាំង បានជាទ្រង់ឲ្យគេយកហាម៉ានទៅប្រហារជីវិត នៅលើបង្គោលដែលគាត់បម្រុងទុកសម្រាប់ព្យួរកលោកម៉ាដាកាយ(៧:៧-១០)។
ពាក្យសម្តីរបស់លោកខាវ័រ និងទង្វើរបស់លោកម៉ាដាកាយ បានរំព្ញកយើងថា សេចក្តីសម្អប់នាំមកនូវក្តីហិនវិនាសសម្រាប់ខ្លួនឯង។ បើតាមបទគម្ពីរ យើងត្រូវបំបាត់សេចក្តីសម្អប់ ដោយធ្វើអំពើល្អស្នងនឹងអំពើអាក្រក់។ សាវ័កប៉ុលមានប្រសាសន៍ថា “កុំឲ្យធ្វើការអាក្រក់ស្នង នឹងការអាក្រក់ឡើយ”(រ៉ូម ១២:១៧)។ ពេលយើងទាស់ចិត្តនឹងនរណាម្នាក់ យើង“មិនត្រូវសងសឹកឡើយ”(ខ.១៩)។ ផ្ទុយទៅវិញ…
នៅជាមួយព្រះ ពេញមួយថ្ងៃ
លោកប្រាដឺ ឡរិន(Brother Lawrence ឆ្នាំ១៦១៤-១៦៩១) មានអារម្មណ៍ថា ខ្លួនកំពុងមានភាពជិតស្និទ្ធជាមួយព្រះអម្ចាស់យ៉ាងខ្លាំង ខណៈពេលគាត់កំពុងលាងចានឆ្នាំង ដោយការបន្ទាបខ្លួន នៅក្នុងផ្ទះបាយរបស់ព្រះវិហារ។ ជាការពិតណាស់ លោកប្រាដឺ ឡរិនបានធ្វើកាលវិភាគ សម្រាប់ចំណាយពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនជាមួយព្រះ ដោយការអធិស្ឋានជាទៀងទាត់។ ប៉ុន្តែ គាត់បានរកឃើញថា ជីវិតរបស់គាត់កាន់តែមានការផ្លាស់ប្រែ ពេលគាត់អធិស្ឋាន ក្នុងអំឡុងពេលធ្វើការងារ។ គាត់បាននិពន្ធសៀវភៅមួយក្បាល សម្រាប់ឲ្យគ្រីស្ទបរិស័ទ ចំណាយពេលជាប្រចាំថ្ងៃ ជាមួយព្រះ ដែលសៀវភៅនោះមានចំណងជើងថា ការចំណាយពេលក្នុងព្រះវត្តមានព្រះ ។ ក្នុងសៀវភៅនេះ គាត់មានប្រសាសន៍ថា “វាជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរមួយ នៅពេលយើងគិតថា ពេលអធិស្ឋានគួរតែខុសពីពេលដទៃទៀត។ យើងមានកាតព្វកិច្ចចូលទៅរក ព្រះអម្ចាស់ ដោយការអធិស្ឋាន ក្នុងពេលកំពុងធ្វើការងារ ក៏ដូចជានៅពេលអធិស្ឋាន”។ និយាយរួម គាត់កំពុងលើកទឹកចិត្តយើង ឲ្យ“អធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនីច ៥:១៧)។
នេះជាការក្រើនរំឭកដ៏មានប្រយោជន៍ ពីព្រោះពេលខ្លះ យើងច្រើនតែបែងចែកជីវិតខ្លួនឯង សម្រាប់ធ្វើកិច្ចការផ្សេងៗពីគ្នា។ បានសេចក្តីថា ប្រហែលជាយើងអធិស្ឋាន តែនៅពេលថ្វាយបង្គំព្រះក្នុងព្រះវិហារ នៅពេលសិក្សាព្រះគម្ពីរក្នុងក្រុមកោសិកា នៅក្នុងការថ្វាយបង្គំប្រចាំគ្រួសារ និងនៅក្នុងពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនប៉ុណ្ណោះ។ ចុះក្នុងម៉ោងធ្វើការវិញ តើអ្នកបានអធិស្ឋានឬទេ? ការអធិស្ឋានក្នុងម៉ោងធ្វើការងារ ពុំមានន័យថា យើងត្រូវលុតជង្គង់ចុះ លើកដៃសំពះ ហើយអធិស្ឋានឲ្យឮៗនោះទេ ប៉ុន្តែ មានន័យថា យើងត្រូវទូលសូមឲ្យព្រះជួយយើង…
គ្មានសេចក្តីស្រឡាញ់ណាធំជាង
ពេលលោកបៀល(Bill) និងភរិយារបស់គាត់ កំពុងតែបើកបររថយន្តកាត់តាមជួរភ្នំរ៉ក់គី(Rocky) មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកមក ហៀបតែនឹងបុករថយន្តពួកគេ បានជាគាត់ខំបើកជៀសយ៉ាងគំហុក ធ្វើឲ្យរថយន្តរបស់ខ្លួនធ្លាក់ចេញពីថ្នល់ ហើយដាំក្បាលចូលទៅក្នុងទន្លេខូឡូរ៉ាដូ។ បន្ទាប់ពីពួកគេបានខំប្រវេប្រវាចេញពី រថយន្តដែលកំពុងតែលិចលង់នោះហើយ ពួកគេក៏បានព្យាយាមហែលកាត់ចរន្តទឹកហូរយ៉ាងលឿន។ អ្នកបើករថយន្តដឹកទំនិញម្នាក់ ដែលបានឃើញហេតុការណ៍នេះ បានរត់តាមមាត់ច្រាំង សំដៅទៅរកពួកគេ រួចបោះខ្សែពួរឲ្យពួកគេតោង។ លោកបៀលក៏បានហែលពីក្រោយភរិយារបស់គាត់ ដើម្បីជួយរុញនាងឲ្យទៅដល់កន្លែង ដែលនាងអាចឈោងដល់ខ្សែពួរនោះ ហើយបុរសនោះក៏បានទាញនាងមកមាត់ច្រាំង។ ទោះយ៉ាងណាក៏ដោយ លោកបៀលត្រូវខ្សែទឹកហូរនាំយកទៅបាត់ ហើយក៏បានបាត់បង់ជីវិតទៅ។ គាត់បានលះបង់ជីវិត ដើម្បីជួយសង្គ្រោះស្រ្តីដែលខ្លួនស្រឡាញ់។
ការលះជីវិតខ្លួនឯង ដើម្បីឲ្យមនុស្សម្នាក់ទៀតអាចមានជីវិតរស់តទៅទៀត គឺជាភស្តុតាងដែលបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏ពិត។ នៅយប់ដែលគេក្បត់ព្រះយេស៊ូវ ទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ អំពីការមានព្រះទ័យចង់លះបង់ព្រះជន្មទ្រង់ ដើម្បីសុគតជួសមនុស្សជាតិ។ ទ្រង់បានមានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះទេ គឺដែលអ្នកណានឹងប្តូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ រួចទ្រង់ក៏បានធ្វើជាគំរូនៃការលះបង់ជីវិត ដោយសុគតនៅលើឈើឆ្កាង។
តើអ្នកធ្លាប់បានគិត អំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកឬទេ? គឺទ្រង់បានសុគតជួសអ្នក។ ការសុគតនេះ គឺមិនគ្រាន់តែបង្ហាញសេចក្តីស្រឡាញ់ ចំពោះអ្នកប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានផ្តល់ឱកាស ឲ្យអ្នកបានទទួលការអត់ទោសបាប និងមានទីលំនៅដ៏អស់កល្បជានិច្ច នៅនគរស្ថានសួគ៌ទៀតផង។ _Dennis Fisher
ទា្វរបើកចំហរ
មានទស្សនៈវិទូជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះសូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បានសរសេរថា “បើខ្ញុំត្រូវប្រាថ្នាចង់បានអ្វីមួយ នោះខ្ញុំមិនគួរប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងអំណាចឡើយ តែត្រូវប្រាថ្នាចង់បានភ្នែកមួយគូ ដែលនៅក្មេង និងឆេះឆួលជារហូត ដើម្បីមើលឃើញការអ្វីដែលអាចធ្វើទៅរួច។ សាវ័កប៉ុលបានមើលឃើញឱកាស ដែលអាចធ្វើការងារបម្រើព្រះដ៏អស្ចារ្យជាច្រើន នៅក្នុងស្ថានភាពនៃជីវិតរបស់គាត់។ ពេលព្រះបើកទ្វាចំហរ គាត់បានឆក់ឱកាសដើម្បីធ្វើបន្ទាល់ពីព្រះគ្រីស្ទ។ ពេលគេចាប់ខ្លួនគាត់ នៅក្រុងយេរូសាឡឹម ហើយបញ្ជូនគាត់ឲ្យទៅឈរនៅ ចំពោះលោកអភិបាលភេលីច គាត់ក៏ប្រើឱកាសនោះ ដើម្បីប្រកាសដំណឹងល្អ(កិច្ចការ ២៤:២៤)។ ខណៈពេលលោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំង នៅក្រុងភីលីព ពួកគេក៏បានផ្សាយដំណឹងល្អដល់ឆ្មាំគុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយមកទៀត ពេលគាត់ជាប់ឃុំឃាំងនៅក្រុងរ៉ូម គាត់ក៏យកឱកាសនោះ លើកទឹកចិត្តដល់អ្នកជឿព្រះនៅក្រុងភីលីព(ភីលីព ១:១២-១៨)។
នៅក្នុងសំបុត្រ ដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់បានប្រាប់អ្នកជឿព្រះថា គាត់ចង់ទៅសួរសុខទុក្ខ និងចំណាយពេល ជាមួយពួកគេមួយរយៈ ប៉ុន្តែ គាត់ត្រូវស្នាក់នៅក្រុងអេភេសូរ ដោយសារគាត់មានឱកាសធ្វើការបម្រើព្រះនៅទីនោះ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់ថ្ងៃបុណ្យទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយលោកប៉ុលក៏បាននាំអ្នកដទៃទៀតឲ្យរួមចំណែកជាមួយគាត់ ដោយឲ្យពួកគេអធិស្ឋានសូមឲ្យព្រះអម្ចាស់បើកទ្វារចំហ ដើម្បីឲ្យគាត់អាចប្រកាសពីព្រះគ្រីស្ទ ឲ្យគេបានឮច្បាស់(កូល៉ុស ៤:៣)។
ចូរទូលសូមឲ្យព្រះបង្ហាញទ្វារចំហរ ដែលជាឱកាសដែលអ្នកអាចធ្វើការបម្រើទ្រង់។ អ្នកនឹងភ្ញាក់ផ្អើល ចំពោះអ្វីដែលអ្នកនឹងបានឃើញ។…